កណ្តាល៖អធិការរងក្រុងតាខ្មៅម្នាក់ដែលផ្លោះឡើងពីរងប៉ុស្តិ៍ព្រែកឫស្សី ដោយសប្បាយនឹងតួនាទី នាំគ្នាជប់លៀងផឹកស៊ីបំពានបំរាមរដ្ឋបាលខេត្តកណ្ដាល ហើយឆ្លងកូវីដស្ទើរស្លាប់ស្ទើរស់ ថែមទាំងល្មើសបទបញ្ជា ០០៦ វិន័យកងកម្លាំងនគរបាលជាតិ ពេលនេះត្រូវបាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកតួនាទីនិង ឋានន្តរសក្តិវិញហើយ។
នេះបើយោងតាមប្រកាស លេខ២៦៦៣ ប្រក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។នៅក្នុងប្រការ១ បានបញ្ជាក់ថា ត្រូវបានអនុវត្តវិន័យក្រោមរូបភាពដកហូតមុខតំណែងចំពោះវីរសេនីយ៍ត្រី ដន សុខរិទ្ធ អត្ថន័យ៧៨១៩៣ ពីអធិការរងនៃអធិការនគរបាលក្រុងតាខ្មៅនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលឱ្យមកជាមន្ត្រី ដោយមូលហេតុ៖ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
គួរជម្រាបផងដែរ លោកអនុសេនីយ៍ឯក ដន សុខរិទ្ធ អត្តលេខ៧៨១៩៣ ជាមន្ត្រីនគរបាលជើងថ្មី ទើបចូលបម្រើការងារមិនទាន់បានប៉ុន្មានឆ្នាំផង ហើយត្រូវបានតម្លើងជាអនុប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី ស្រាប់តែថ្មីៗនេះ ត្រូវបានតែងតាំងជាអធិការរងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល តាមប្រកាសក្រសួងមហាផ្ទៃ លេខ១៧៧៥ ប្រក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ទៀត។
លោកអធិការរងខាងលើរូបនេះទើបទទួលបានប្រកាសភ្លាម បានបបួលមិត្តភ័ក្តិ បនភឿននិងបក្សពួកជាមន្ត្រីនគរបាលដូចគ្នាផ្សេងៗទៀត បង្កើតកម្មវិធីជួបជុំ ជប់លៀង ផឹកស៊ីផ្គើននឹងសេចក្ដីណែនាំ របស់រដ្ឋបាលខេត្តកណ្ដាល តាមមាត្រា១០ នៃច្បាប់ស្ដីពីវិធាន ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងបានឆ្លងកូវីដ-១៩ ហើយបានចូលទៅ សម្រាកព្យាបាល នៅមណ្ឌលចត្តាឡីស័ក សាលាគរុកោសល្យវិក្រឹតការខេត្តកណ្ដាលផងដែរ៕
No comments:
Post a Comment