ភ្នំពេញ៖ប្រធានរាជបណ្ឌិត្យសភា លោក សុខ ទូច បានលើកឡើងថា ដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ជាង២ពាន់ហិកតា មានម្ចាស់តែម្នាក់ គឺអតីតអភិបាលខេត្តកំពង់ឆ្នាំង។ ដោយឡែក នៅសល់ដីរាប់ម៉ឺនហិកតាទៀត ដែលបានទន្រ្ទាន ប៉ុន្តែមិនទាន់ស្គាល់ម្ចាស់នៅឡើយទេ។«ដីរាប់ម៉ឺនហិកតា ហើយជាង២ពាន់ហិកតារបស់អតីតអភិបាលខេត្តហ្នឹង យើងសម្ភាសប្រជាជន ហើយពួកគាត់ថាជាដីរបស់អតីតអភិបាលខេត្ត ប៉ុន្តែពិតប្រាកដយ៉ាងម៉េចទៀត យើងមិនទាន់ដឹងទេ»។ នេះជាការលើកឡើងរបស់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
លោក សុខ ទូច ដែលបានចុះសិក្សាស្រាវជ្រាវផ្ទាល់ នៅជុំវិញបឹងទន្លេសាបនេះ បានបន្ថែមថា ដីព្រៃលិចទឹក ជាច្រើនហិកតាផ្សេងទៀត ក៏ត្រូវបានទន្ទ្រានដែរ ប៉ុន្តែមិនទាន់ដឹងថាម្ចាស់នោះជាអ្នកណាគេទេ ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២៩ វិច្ឆិកា ប្រធានរាជបណ្ឌិត្យសភា ដែលបានផ្ដល់របាយការណ៍ទៅសម្ដេច ហ៊ុន សែន បាននិយាយដូច្នេះថា៖«ខ្ញុំមិនដឹង[អ្នកណាម្ចាស់]ទេ គ្រាន់តែឃើញព្រៃ[លិចទឹក] ហ្នឹង គេកាប់ច្រើន ហើយប្រជាជនគេអ្នកធ្វើ។ ហើយចុងក្រោយមកយើងសម្ភាសអ្នកណាក៏មិនចេញ[ដំណឹង] ព្រោះជួលតៗគ្នា ប៉ុន្តែគ្រាន់តែទន្ទ្រានហ្នឹងវាធំណាស់។ ហើយបើសួរថា ឈ្មោះអីខ្លះៗ យើងមិនដឹងទេ ។ ប៉ុន្តែឥឡូវគេដឹងខ្លះហើយថា ដី២ពាន់ហិកតាហ្នឹង គ្រាន់តែមួយម្ចាស់ទេ តែនៅសល់រាប់ពាន់ម្ចាស់ទៀត ព្រោះដីនៅសល់រាប់ម៉ឺនហិកតាទៀត [ដែលត្រូវទន្ទ្រាន]»។
ពាក់ព័ន្ធនឹងបញ្ហាទន្លេសាប នៅថ្ងៃទី២៨ វិច្ឆិកា សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យដកហូតយកដីព្រៃលិចទឹក ដែលត្រូវបានអ្នកមានអំណាច និងជនខិលខូច កាប់ទន្ទ្រានខុសច្បាប់យកមកវិញទាំងអស់ ក្រោយពសម្តេចទទួលបានរបាយការណ៍ពីសំណាក់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ក្រោយទទួលបញ្ជាពីសម្ដេច ហ៊ុន សែន ភ្លាមៗ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតក្រុមការងារក្នុងក្របខណ្ឌក្រសួងរបស់ខ្លួន ដើម្បីចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប។
ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលត្រូវអន្តរាគមន៍លើករណីទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាបនេះ រួមមាន លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន , លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមទាំងអភិបាល និងថ្នាក់ដឹកនាំខេត្តជាប់បឹងទន្លេសាបទាំងអស់៕
No comments:
Post a Comment