សម្តេច ហ៊ុន សែន៖ អ្នកចង់រត់ការធ្វើមេគយ មិនបាច់រត់ទេ លោក គុណ ញឹម បន្តកាន់ដល់ឆ្នាំ២០២៥ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្តេច ហ៊ុន សែន៖ អ្នកចង់រត់ការធ្វើមេគយ មិនបាច់រត់ទេ លោក គុណ ញឹម បន្តកាន់ដល់ឆ្នាំ២០២៥

ភ្នំពេញ៖ដើម្បីធ្វើទំនើបកម្មស្ថាប័នគយ លោក គុណ ញឹម អាយុ៦០ឆ្នាំ ត្រូវពន្យារពេលការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៥។ នេះជាការអះអាងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីសម្ពោធអគារដ្ឋាបាលគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ។សម្តេច ហ៊ុន សែន បានលើកឡើងថា មានអ្នករត់ការចង់យកតំណែងអគ្គនាយកគយពីលោក គុណ ញឹម ប៉ុន្តែករណីនេះ មិនអាចទៅរួចនោះឡើយ ពីព្រោះសម្តេចមើលឃើញការអគារដ្ឋបាលគយថ្មីដែលមាន៣៥ជាន់ និងអគារផ្សេងៗទៀត ជាសក្ខីភាពដែលបង្ហាញឲ្យឃើញនូវចំណែកមួយនៃការធ្វើទំនើបកម្មវិស័យគយនៅកម្ពុជា។

«កុំអាលទារឲ្យគុណ ញឹម ចូលនិវត្តន៍ ខ្ញុំពន្យាឲ្យដល់២០២៥ អាហ្នឹងជាឆន្ទានុសិទ្ធិរបស់ខ្ញុំ។ ទុកឲ្យធ្វើទំនើបកម្មគយនេះ ឲ្យបានបន្តិចថែមទៀត ហើយ គុណ ញឹម ក៏មិនទាន់ចាស់ប៉ុន្មានដែរ។ ខ្ញុំដឹងមានអ្នកខ្លះប្រុងរត់ការដើម្បីសុំកន្លែងធ្វើគយ សុំទោស អាកន្លែងហ្នឹងអត់ទេ»។ នេះជាការអះអាងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។សម្តេចបានបន្ថែមថា៖ «អ្នកចង់រត់ការធ្វើមេគយ មិនបាច់រត់ទេ រត់ជាមួយខ្ញុំទៅមិនរួចទេ! ខ្វះណាស់កន្លងមក មានរត់ចង់ដោះដូរជាមួយ ប៉ែន ស៊ីម៉ន ខ្ញុំមិនឲ្យដោះដូរ ទុកប៉ែន ស៊ីម៉នសិន ដល់ប៉ែន ស៊ីម៉ន ចូលនិវត្តន៍ដាក់ គុណ ញឹម ចូលតែម្តង»។សម្តេចបានលើកឧទាហរណ៍ថា បើសម្តេចចេញពីតំណែងជានាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន នៅតែជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូច្នេះ ថ្នាក់ដឹកនាំរដ្ឋាភិបាល អាចបន្តចាត់ចែងលើករណីនេះ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករត្រូវបានបង្កើតឡើងក្នុងសម័យសង្គមរាស្ត្រនិយមដោយព្រះរាជក្រម កាលឆ្នាំ១៩៥១។ កិច្ចដំណើរការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករត្រូវបានបញ្ឈប់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ក្រោមរបបខ្មែរក្រហម។អង្គភាពនេះចាប់ដំណើរការឡើងវិញនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៩ ក្រោមឱវាទក្រសួងពាណិជ្ជកម្ម ហើយត្រូវបានផ្ទេរទៅនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នា ឆ្នាំ១៩៨៨។ ទីចាត់ការគយ និងរដ្ឋាករត្រូវបានតម្លើងជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) តាមរយៈអនុក្រឹត្យ កាលពីខែកញ្ញា ឆ្នាំ២០០៨។ អគរ គឺជារដ្ឋបាលសាធារណៈស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ចាប់តាំងពីឆ្នាំ១៩៥២ មក ឥស្សរជន១៥នាក់ហើយដែលបានគ្រប់គ្រងស្ថាប័ននេះ។ លោក អៀរ ស៊ីចូល បានកាន់តំណែងមុនគេក្នុងឆ្នាំ១៩៥២។ លោក ជុំ យ៉ែម បានកាន់តំណែង៤លើកផ្សេងគ្នា គឺក្នុងឆ្នាំ១៩៦២, ឆ្នាំ១៩៦៤, ឆ្នាំ១៩៦៨ និងឆ្នាំ១៩៧២។លោក ស ហូរ កាន់តំណែងយូរជាងគេដោយមានរយៈពេល១៨ឆ្នាំ ចន្លោះពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៧។ រីឯលោក គុណ ញឹម ចូលកាន់តំណែងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកគយនិងរដ្ឋករកម្ពុជា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ដោយបន្តពីលោក ប៉ែន ស៊ីម៉ន (១៩៩៨-២០១៤)៕(ប្រភពពីថ្មីៗ)

No comments:

Post a Comment

Pages