សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋវៀតណាម - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋវៀតណាម


ភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ នឹងឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc)  ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២១ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២១។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ក្នុងតួនាទីជាប្រធានរដ្ឋវៀតណាម។ ដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ច បើកឆ្នាំមិត្តភាពកម្ពុជាវៀតណាមឆ្នាំ២០២២។ 

ឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានអបអរសាទរ ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចបាន ជាពិសេសការអភិវឌ្ឍជាតិ ស្ថេរភាពនយោបាយ លើកកម្ពស់តួនាទី និងមុខមាត់ប្រទេសកម្ពុជា ក្នុងតំបន់និងលើឆាកអន្តរជាតិ ។ ជាមួយគ្នានោះផងដែរ ភាគីទាំងពីរក៏បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើន  ទំនាក់ទំនងរវាងប្រទេសទាំងពីរដោយគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធបំផុត ព្រមទាំងមានប្រសិទ្ធភាពថែមទៀតក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល៥៥ឆ្នាំកន្លងមក ទោះបីជាស្ថិតនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ លើសពីនេះទៅទៀត ភាគីទាំងពីរក៏បាន អបអរសាទរចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ និងបានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការលើកកម្ពស់ ការការពារវិនិយោគ និងចៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមបែបថ្មី និងព្រមព្រៀងគ្នាជំរុញការរៀបចំផែនការមេស្ដីពីការតភ្ជាប់ខឿនសេដ្ឋកិច្ចកម្ពុជា-វៀតណាម ផងដែរ។ 

ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ ក្នុងការពន្លឿនការចុះហត្ថលេខាស្ដីអំពីពាណិជ្ជកម្មតាមព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅកាន់ភាពទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន ទាំងសងខាង ផង និងសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ។ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជំរុញពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ លើវិស័យសុខាភិបាល លើវិស័យអប់រំ លើវិស័យយុត្តិធម៌ ក្នុងការតភ្ជាប់គ្នារវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ និងឆាតតំបន់ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរគុណចំពោះឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc)ដែលកន្លងមកបានគាំទ្រ ក៏ដូចជាជួយដល់កម្ពុជាឱ្យទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបនាពេលកន្លងមកនេះ  និងអរគុណដល់ឯកឧត្តមផងដែរ ដែលគាំទ្រ និងជូនពរកម្ពុជាឲ្យទទួលបានជោគជ័យ ខណៈដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ៕




















No comments:

Post a Comment

Pages