www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត ឱ្យនាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ ជួបសម្តែងការគួរសម

ភ្នំពេញ៖នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ចូលជួបសម្តែងការគួរ និងពិភាក្សាកិច្ចមួយចំនួនពាក់ព័ន្ធការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។

លោក កៃនូម៉ា បានគោរពរាយការណ៍ជូន សម្ដេចតេជោ
ពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ១០ឆ្នាំកន្លងមក ដែលក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ សរុបប្រមាណ ១.១២៤ពាន់លានយ៉េន នៅទូទាំងពិភពលោក ដែលមាន ៩៥កន្លែង ។

លោក កៃនូម៉ា បានគោរពជម្រាបជូន សម្ដេចតេជោបន្តថា ក្រុមហ៊ុនរបស់លោក គឺយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព តម្លៃ សេដ្ឋកិច្ច សេវាល្អ និងល្បឿនលឿន និងជាពិសេសទៅទៀតនោះ គឺយកចិត្តទុកដាក់ខ្លាំង ទៅលើវិស័យបរិស្ថាន ។

លោក កៃនូម៉ា បានបន្ថែមថា រោងចក្ររបស់លោកផលិតភ្លើងអំពូលអិលអ៊ីឌី 100% នៅ កម្ពុជា ហើយបាននាំចេញទៅ លើទីផ្សារទូទាំងពិភពលោក ។ ដោយឡែកនៅកម្ពុជាក្រុមហ៊ុនបានតំឡើង អំពូល LED បានចំនួន 18.880 អំពូល ដែលក្នុងនោះ បានជួយដល់ការកាត់បន្ថយការប្រើប្រាស់អគ្គិសនីផង ការកាត់បន្ថយការសាយភាយឧស្ម័ន កាបូនិចផង ព្រមទាំងកាត់បន្ថយ ការចំណាយលើ អគ្គិសនីប្រមាណ១លានដុល្លារក្នុង១ឆ្នាំផង។

ឆ្លៀតក្នុងឱកាសនេះដែរ លោក កៃនូម៉ា បានគោរពថ្លែងអំណរគុណ សម្ដេចតេជោ, មន្ត្រីសុខាភិបាល , ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដែលបានយកចិត្តទុកដាក់ជួយដល់កម្មករ ក្រុមហ៊ុនឲ្យរួចផុតពីការរាតត្បាត ពីជំងឺកូវីដ-១៩, ដោយក្នុងចំណោម កម្មករជាង ៦ពាន់នាក់ មានតែកម្មករចំនួន ៧៨នាក់ប៉ុណ្ណោះ ដែលបានឆ្លងជំងឺ covid-19 ហើយរោងចក្ររបស់លោក នៅបន្តដំណើរការជារៀងរហូត ពុំមានការខកខានក្នុងចង្វាក់ផលិតកម្ម និងចង្វាក់ផ្គត់ផ្គង់ឡើយ ។ លោកកៃនូម៉ា បានគោរពអញ្ជើញសម្ដេចតេជោជាអធិបតីក្នុង ពិធីខួបទី ១០ឆ្នាំ នៃវត្តមានរបស់ក្រុមហ៊ុន មីនីបៀ នៅកម្ពុជា ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះលោកកៃនូម៉ា  ដែលបានរាយការណ៍ អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន រយៈពេល ១០ឆ្នាំកន្លងមក ហើយបានសម្ដែងនូវការរីករាយនិងសាទរជូនចំពោះ ក្រុមហ៊ុន ដែលរយៈពេល ១០ ឆ្នាំកន្លងមក ទទួលបានជោគជ័យ, ពង្រីកសកម្មភាពរបស់ខ្លួន ជាបន្តបន្ទាប់។

សម្ដេចតេជោ បានថ្លែងអំណរគុណផងដែរ ដល់លោកកៃនូម៉ា ដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ19 ហើយសម្តេចតេជោ ក៏បានទទួលយកការអញ្ជើញ ជាអធិបតី ក្នុងពិធីខួប ១០ ឆ្នាំ របស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជា ។

សម្ដេចតេជោ បានរំឭកអំពីប្រវត្តិក្រុមហ៊ុនមីនីបៀ ជាពិសេសនៅពេលដែលក្រុមហ៊ុនសម្រេចចិត្តមកវិនិយោគ នៅកម្ពុជាដែលពេលនោះ សម្ដេចតេជោ បានអនុវត្តនូវយុទ្ធសាស្ត្រ ២ នោះគឺត្រីណាមកដល់មុនគឺចាប់យកត្រីនោះ និងត្រូវធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនទាំងអស់ ដែលមកកម្ពុជា មានជំនឿចិត្ត ចំពោះកម្ពុជា ៕








Post a Comment

0 Comments