www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ


សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ



ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានសំដែងនូវសេចក្ដីគោរពជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថិរភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះ ហើយនយោបាយនេះ មិនទុកឱ្យអ្នកណាម្នាក់ នៅក្រៅឆាកឡើយ ហើយមិននាំឱ្យមានការសងសឹកគ្នាទៅវិញទៅមកទៅ ផ្ទុយទៅវិញ ជំរុញបាននូវការធ្វើសមាហរណកម្មទូទាំងប្រទេសតែម្ដង ។

ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏សូមសម្ដែងនូវការគោរពផងដែរ ចំពោះការដឹកនាំកម្ពុជា ទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូចទីក្រុងភ្នំពេញ ជារាជធានីមួយដែលដូចជារាជធានីនាប្រទេសដទៃទៀត ដែលជាប្រទេសអភិវឌ្ឍន៍ក្នុងពិភពលោក។

ជាមួយគ្នានោះដែរ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏បានសម្ដែងនូវការគោរពជូនសម្ដេចតេជោផងដែរដែលកម្ពុជា បានបញ្ជូនកងកម្លាំងការពារសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅប្រទេសជាច្រើននៅក្នុងពិភពលោក ដើម្បីការពារសន្តិភាព ។ ឯកឧត្តមបានមានប្រសាសន៍ថា កម្ពុជា គឺជាប្រទេសមួយដែលធ្លាប់ទទួលកងទ័ពមួកខៀវមកការពារសន្តិភាព ប៉ុន្តែនៅពេលនេះ កម្ពុជា បានប្រែក្លាយខ្លួនទៅជាប្រទេសមួយ ដែលបញ្ជូនកងទ័ពរបស់ខ្លួនទៅជួយរក្សាសន្តិភាពនៅតាមបណ្ដាប្រទេសដទៃទៀតច្រើនក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលនេះគឺជាចំណុចជោគជ័យដ៏ធំធេង និងជាការប្រែប្រួលផ្លាស់ប្ដូរមុខមាត់គួរជាទីគោរពមួយរបស់កម្ពុជា។

លើសពីនោះទៅទៀត ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលដឹកនាំអាស៊ាន ឱ្យក្លាយទៅជាអង្គការមួយ ដែលទទួលបាននូវការគោរពកោតសរសើរពីបណ្ដាប្រទេសដទៃទៀតក្នុងពិភពលោក ហើយអង្គការនេះទៀតសោត​ គប្បីណាមានការរៀបចំឱ្យមានអង្គការដូចអង្គការអាស៊ាននេះទៀតនៅក្នុងពិភពលោក ដើម្បីទទួលបានការអភិវឌ្ឍតំបន់ ក៏ដូចជាទទួលបាននូវសុខសន្តិភាព និងស្ថិរភាពតំបន់ដទៃទៀតដែរ។

ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានប្ដេជ្ញាចិត្តនាំប្រទេស ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានោះដែរ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានសង្កេតឃើញពីសក្កដានុពលនៅកម្ពុជា ដែលប្រទេសម៉ាល់ឌីវ និងកម្ពុជា អាចធ្វើកិច្ចសហប្រតិបត្តិការគ្នា ជាពិសេស លើវិស័យពាណិជ្ជកម្ម។ ឯកឧត្តម បានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានប្រភពចំណីអាហារដែលអាចនាំចេញទៅប្រទេសម៉ាល់ឌីវ ក្នុងន័យនេះ ឯកឧត្តម គោរពជម្រាបជូនសម្ដេចតេជោថា នឹងសហការជាមួយក្រសួងការបរទេសកម្ពុជា និងជំរុញអ្នកវិនិយោគម៉ាឌីវ ឱ្យពិនិត្យមើលការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពី កិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំធាត់ឡើងថែមទៀត ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ចំពោះការលើកឡើងដ៏ល្អអំពីកម្ពុជា ហើយបានសុំឲ្យឯកឧត្ដម ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសម៉ាល់ឌីវផង ជួយជម្រុញអ្នកវិនិយោគពិនិត្យមើលសក្កដានុពលនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំធាត់ឡើង ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧត្តម អាប់ឌូឡា សាហ៊ីដ អំពីភាពអនុគ្រោះនៃការវិនិយោគនៅកម្ពុជា ជាពិសេស នៅលើវិស័យកសិកម្ម។ សម្ដេចបានមានប្រសាសន៍ថា កម្ពុជា បានអនុញ្ញាតឱ្យជនបរទេសមកបណ្ដាក់ទុន១០០%  ជាពិសេស នៅក្នុងការដាក់ទុនលើវិស័យកសិកម្ម ដូចជាការដាក់ម៉ាស៊ីនកិនស្រូវ, ការវិនិយោគទៅលើឃ្លាំងស្តុកស្រូវ និងការប្រមូលទិញស្រូវផ្ទាល់ពីកសិករ ដើម្បីកិន ហើយសម្រាប់នាំចេញទៅប្រទេសដទៃ។ ក្នុងន័យនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្នើសុំឱ្យឯកឧត្តម លើកទឹកចិត្តឱ្យអ្នកវិនិយោគម៉ាល់ឌីវ ពិនិត្យលើការវិនិយោគលើកសិផលស្រូវ-អង្ករ សម្រាប់ការនាំចេញទៅប្រទេសម៉ាឌីវផ្ទាល់ ៕










Post a Comment

0 Comments