(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានតែងតាំងជាអគ្គលេខាធិការ និងជាប្រធានគណៈកម្មការយោធាមជ្ឈិមនៃគណបក្សកុម្មុយនិស្ដចិន សម្រាប់ អាណត្តិទី៣ នៅថ្ងៃអាទិត្យនេះ ដែលនេះជាការត្រួសត្រាយផ្លូវឱ្យលោកកាន់តំណែងជាប្រធានាធិបតីរយៈពេល ៥ឆ្នាំបន្តទៀត និងជាប្រធានាធិបតីដ៏មានឥទ្ធិពលធំ បំផុត ចាប់តាំងពីសម័យលោក ម៉ៅ សេទុង មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២។
គណបក្សកុម្មុយនិស្តចិន បានបិទបញ្ចប់សមាជបក្សលើកទី២០ របស់ខ្លួនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីប្រតិភូបក្សជាង ២,៣០០នាក់មកពីទូទាំងប្រទេស ជួបប្រជុំគ្នាដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំកំពូលៗរបស់បក្ស ចាយពេលជាងមួយសប្ដាហ៍។ ក្រៅតែពីការប្រកាសតែងតាំងលោក ស៊ី ជិនពីង ជាអគ្គលេខាធិការ បក្ស ក៏មានការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ចំនួន២០៥នាក់ផងដែរ ដែលនឹងដឹកនាំគណបក្សរយៈពេល៥ឆ្នាំបន្ត និងសុទ្ធសឹងតែ ជាមនុស្សស្មោះស្ម័គ្រជាមួយលោក ស៊ី ជិនពីង ព្រមទាំងសមាជិក គណៈកម្មាធិការអចិន្រៃ្តយ៍ការិយាល័យនយោបាយ (Politburo Standing Committee) ជាស្ថាប័នកំពូលបំផុតរបស់ចិន ដែលមានសិទ្ធិសម្រេចលើកិច្ចការជាតិ និងដឹកនាំប្រទេស។ ខាងក្រោមគឺអ្នកនយោបាយមានអំណាចធំបំផុតនៅក្នុងប្រទេសចិន រាប់តាមលំដាប់លេខរៀង៖
១. លោក ស៊ី ជិនពីង មានអាយុ ៦៩ឆ្នាំ៖ ជាអគ្គលេខាធិការ និងជាប្រធានគណៈកម្មការយោធាមជ្ឈិមនៃគណបក្សកម្មុយនិស្ដ។ ការធានាបាននូវតំណែងជាអគ្គលេខា បក្ស គឺមានន័យថាលោក ស៊ី ជិងពីន នឹងបន្តជាធ្វើប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣ ឬអាចអស់មួយជីវិត ក្រោយការលុបចោលការកំណត់អណត្តិ ប្រធានាធិបតីត្រឹម២អាណត្តិ។ តំណែងជាប្រធានាធិបតីរបស់លោក ស៊ី ជិនពីង ត្រូវបានប្រកាសជាផ្លូវការនៅក្នុងសម័យប្រជុំសភាប្រជាជនចិន នៅខែមីនា ឆ្នាំ២០២៣។ ២. លោក លី ជាំង (Li Qiang) មានអាយុ ៦៣ឆ្នាំ៖ ជាលេខាធិការបក្សកម្មុយនិស្ដចិនប្រចាំទីក្រុងសៀងហៃ ត្រូវបានគេរំពឹងខ្ពស់ថានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ ចិន ជំនួសលោក លី ឃឺជាំង (Li Keqiang) ដែលនឹងត្រូវលាលែងពីតំណែងនៅខែមីនា ឆ្នាំ២០២៣។ តំណែងជានាយករដ្ឋមន្ត្រី គឺជាតំណែងខ្ពស់បំផុតលំដាប់ទី២ បន្ទាប់ពីលោកប្រធានាធិបតី ស៊ី ជិនពីង។
៣. លោក ចៅ លេជី (Zhao Leji) មានអាយុ ៦៥ឆ្នាំ៖ បច្ចុប្បន្នគឺជាប្រមុខអង្គភាពប្រឆាំងអំពើពុករលួយរបស់លោកគណបក្សកុម្មុយនិស្ដចិន និងត្រូវបានគេរំពឹងដែរថា នឹងត្រូវបានតែងតាំងជាប្រធានសភាជាតិប្រជាជនចិន។ ៤. លោក វ៉ាង ហ៊ូនីង (Wang Huning) មានអាយុ៦៧ឆ្នាំ៖ គឺជាអ្នករៀបចំ និងតាក់តែងគោលនយោបាយសម្រាប់លោក ស៊ី ជិនពីង ព្រមទាំងអតីតប្រធានាធិបតីចិន ទាំង២ គឺលោក ហ៊ូ ជិនតាវ (Hu Jintao) និងលោក ជាំង សេមីន (Jiang Zemin)
៥.លោក កៃ ជី (Cai Qi)មានអាយុ ៦៦ឆ្នាំ៖ គឺជាលេខាធិការបក្សកុម្មុយនិស្ដចិនប្រចាំទីក្រុងប៉េកាំង និងជាមនុស្សជំនិតម្នាក់ នៅពេលដែលលោក ស៊ី ជិនពីង នៅបំពេញការងារក្នុងខេត្តហ្វូជាំង។ លោក កៃ នេះឯងជាអ្នកដឹកនាំ និងត្រួតពិនិត្យកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង។ ៦. លោក លី ស៊ី (Li Xi) មានអាយុ ៦៦ឆ្នាំ៖ បច្ចុប្បន្នជាប្រមុខក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៃគណបក្សកុម្មុយនិស្ដចិន នៃខេត្តក្វាងទុង (Guangdong)៧. លោក តីង សេសៀង (Ding Xuexiang) មានអាយុ ៦០ឆ្នាំ៖ ជានាយខុទ្ទការល័យរបស់លោក ស៊ី ជិនពីង។ គួរបញ្ជាក់ថា លោក Li Qiang, Cai Qi, Li Xi និងលោក Ding Xuexiang ជាសមាជិកថ្មីនៃគណៈកម្មាធិការអចិន្រៃ្តយ៍ការិយាល័យនយោបាយ រីឯនៅសល់ជាសមាជិកចាស់៕
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment