ភ្នំពេញ៖សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានថ្លែងថា "គោលនយោបាយវិស័យអប់រំរបស់ រាជរដ្ឋាភិបាលបច្ចុប្បន្ន" គឺរុញសាលារៀនអោយទៅដល់ជនបទ និងបានកំណត់ឃុំមួយយ៉ាងតិចត្រូវមានអនុវិទ្យាល័យមួយដែរ។ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ ៣,៨៦៦នាក់ នៅព្រឹកថ្ងៃចន្ទ ទី៣ តុលាឆ្នាំ២០២២នេះ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានកោតសរសើរ ដល់សាកលវិទ្យាល័យឯកជន ដែលបានជួយបណ្តុះបណ្តាលធនធាន មនុស្សកម្ពុជាច្រើនគិតមកដល់ពេលនេះ។ សម្តេចលោកបន្តថា នេះជាមោទនភាពដែលមានធនធានមនុស្សកាន់តែច្រើនឡើងៗ។
ការដែលមានធនធានមនុស្សកាន់តែច្រើននេះ នាយករដ្ឋមន្ត្រីខ្មែរចាស់វស្សា រូបនេះ បានលើកឡើងថាដោយសារជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោកក្នុងការបើកឪកាសឲ្យវិស័យឯកជនចូលរួមវិនិយោគក្នុងវិស័យអប់រំ។ សម្តេច ហ៊ុន សែន បានមានប្រសាសន៌ថា ការបណ្តុះបណ្តាលធនធានមនុស្សនេះ គឺមិនអាចពឹងផ្អែកតែលើសាលារដ្ឋទាំងស្រុងបាននោះឡើយ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានផ្តល់ឪកាសឲ្យសាកលវិទ្យាល័យរដ្ឋយកថ្លៃសិក្សា ដើម្បីដំណើរការដោយខ្លួនឯង ដោយរដ្ឋមិនបានផ្តល់ថវិកាសម្រាប់វិនិយោគ ដូចជា កសាងហេដ្ឋារចនសម្ព័ន្ធជាដើម។សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបញ្ជាក់ថា វិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងដ៏សំខាន់ផ្នែកសេដ្ឋកិច្ច, វិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធកាន់តែច្រើន៕
No comments:
Post a Comment