នាយរងការិយាល័យចរាចរណ៍ខេត្តបាត់ដំបង ឈ្នោះ អ៊ុន សុភាព យកលេសគេចវេសពីការសម្របសម្រួលក្នុងវិវាទដីធ្លីជាមួយម្ចាស់ដី - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

នាយរងការិយាល័យចរាចរណ៍ខេត្តបាត់ដំបង ឈ្នោះ អ៊ុន សុភាព យកលេសគេចវេសពីការសម្របសម្រួលក្នុងវិវាទដីធ្លីជាមួយម្ចាស់ដី


ភ្នំពេញ៖នាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានព្យាយាមបដិសេធមិនចូលរួមសម្របសម្រួលក្នុងវិវាទដីធ្លីមួយកន្លែង ដែលសង្ស័យបានមកដោយអំពើទុច្ចរិតបំពានយកដីស្របច្បាប់របស់អ្នកដទៃ ស្ថិតនៅឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ លោក អ៊ុន សុភាព មានឋានន្តរស័ក្តិវរសេន៍ទោនៃផែននគរបាលចរាចរណ៍ខេត្តបាត់ដំបង បាននិយាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ពីហេតុផលបែបគេចវេស ដោយយកលេសនេះ លេសនោះ  មិនព្រមចូលរួមពិភាក្សារកដំណោះស្រាយ ដូចដែលលោកបានលើកឡើង នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយតំណាងភាគីម្ចាស់ដី កាលពីពេលថ្មីៗកន្លងមកនេះទេ។

យោងតាមប្រភពច្បាស់ការណ៍ បានឲ្យដឹងថា ក្រោមការអន្តរាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ័ទោ សាត គិមស៊ាន ស្នងការនគរបាលខេត្តបាត់ដំបង និងតបតាមសំណើរសុំជួយអន្តរាគមន៍ពីមេធាវី តំណាងដោយអាណត្តិឲ្យភាគីម្ចាស់ដី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានការជួបពិភាគ្សាគ្នាមួយរវាងតំណាងភាគីម្ចាស់ដី និងលោក អ៊ុន សុភាព ព្រមទាំងមានមន្ត្រីនគរបាលក្នុងអង្គភាពចូលរួមស្តាប់ និងសម្របសម្រួលផងដែរ។ប្រភពបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ លោក អ៊ុន សុភាព បានយល់ពីគោលការណ៍ដោះស្រាយលើកឡើងដោយភាគីតំណាងម្ចាស់ដី គឺតាមយុទ្ធសាស្ត្រគំរូ ឈ្នះ-ឈ្នះ របស់ប្រមុខដឹកនាំកម្ពុជា ដែលតែងតែនាំមកនូវជ័យជម្នះសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងវិវាទ ដោយមិនមានភាគីណាមួយខាតបង់អ្វីឡើយ។ ផ្ទុយទៅវិញ យុទ្ធសាស្ត្រឈ្នះ-ឈ្នះ នេះអាចនាំឲ្យគូភាគីយល់ចិត្តគ្នា ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ដើម្បីបញ្ចប់បញ្ហាឈឺក្បាលរ៉ាំរ៉ៃ ហើយអាចសះជា បញ្ចប់ជម្លោះនឹងគ្នា រស់នៅបានសុខសាន្តជាមួយគ្នា ចេះសាមគ្គីគ្នា។

នៅក្នុងកិច្ចពិភាក្សាមានរយៈពេលជាងមួយម៉ោង ក្នុងខែវិច្ឆិកា កន្លងមកនេះ លោក អ៊ុន សុភាព បានទាមទារថា « ខ្ញុំអរគុណណាស់ ប្រសិនបើយើងបានស្រុះស្រួលមូលមតិគ្នា ជាឯកឆន្ទណាមួយ។ ខ្ញុំក៏ចង់បានភាពយុត្តិធម៌។ ខ្ញុំចង់បានធ្វើទៅស្រុះស្រួលគ្នា ចៀសវាងមើលមុខគ្នាមិនចំ។ អ៊ីចឹង ការសម្របសម្រួលនេះ យើងគួរធ្វើឡើងនៅសាលាស្រុក ឬសាលាឃុំ ហើយមានការចូលរួមពីអាជ្ញាធរ និងសមត្ថកិច្ច ដែលពាក់ព័ន្ធ ទើបយើងធ្វើទៅជោគជ័យ។ ប្រសិនបើយើងធ្វើតែគ្នាយើងប៉ុន្មាននាក់នេះ វាអត់ត្រឹមត្រូវ វាអត់ជោគជ័យទេ។ អ៊ីចឹង សំណួមពររបស់ខ្ញុំ គឺត្រេកអរណាស់ក្នុងការជួបគ្នានេះ។ យើងគួររិះរកមធ្យោបាយណាមួយជួបគ្នានៅសាលាស្រុក ឬក៏សាលាឃុំ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរកផ្លូវដើរតាមនយោបាយឈ្នះ-ឈ្នះ របស់សម្តេច»។

ចំណែកតាមឯកសារ ដែលទើបតែទទួលបាន នាពេលថ្មីៗកន្លងមកនេះ បានឲ្យដឹងថា អាជ្ញាធរឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង តាមសំណើររបស់តំណាងម្ចាស់ដី បានព្យាយាមអញ្ជើញលោក អ៊ុន ភាព មកពិភាក្សារកដំណោះស្រាយនៅសាលាឃុំ ជាច្រើនដងផងដែរ ប៉ុន្តែមន្ត្រីនគរបាលរូបនេះ មិនព្រមសហការឡើយ។ ដូច្នេះ ទើបនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ មេធាវីតំណាងសិទ្ធិភាគីម្ចាស់ដី បានសរសេរលិខិតសុំអន្តរគមន៍ពីឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមស៊ាន ស្នងការនគរបាលខេត្តបាត់ដំបង ដោយជម្រាបជូនថា តំណាងភាគីម្ចាស់ដីបានដោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយនឹងប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រ ឈ្នះ- ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាតាមអនុសាសន៍របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងតាមស្មារតីអង្គប្រជុំរបស់លោកអភិបាលនៃគណៈអភិបាល ស្រុកគាស់ក្រឡ បានជាច្រើនគ្រួសាររួចមកហើយ។  ប៉ុន្តែ មន្ត្រីនគរបាលម្នាក់នៃការិយាល័យចរាចរណ៍ជើងគោកខេត្តបាត់ដំបង ដែលជាមន្ត្រីចេះច្បាប់ បែរជាមិនព្រមសម្របសម្រួលបញ្ចប់វិវាទទៅវិញ។

លិខិតរបស់លោកមេធាវី អ៊ុម វ៉ារី បានលើកឡើងថា «ដោយឡែកលោក អ៊ុន សុភាព មន្ត្រីនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តំណាងក្រុមហ៊ុនបានព្យាយាមទំនាក់ទំនង ដើម្បីមកដោះស្រាយ តែលោក (អ៊ុន ភាព) មិនបានមកដោះស្រាយទេ។ ខ្ញុំសុំការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង អញ្ជើញលោក អ៊ុន សុភាព មកជជែកដោះស្រាយបញ្ហាដីធ្លីជាច្រើនហិកតា ស្ថិតនៅឃុំដូនបា ស្រុកគាស់ក្រឡ»។ ក្នុងលិខិតដដែលបានរំឭកជូនឯកឧត្តម ឧត្តមសេនីយ៍ទោ ទៀតថា «ខ្ញុំបាទសូមជម្រាបជូនថា លោក អ៊ុន សុភាព បានមកគ្រប់គ្រងលើដីក្រុមហ៊ុនជាច្រើនហិកតា ហើយក្រុមហ៊ុនបានព្យាយាមជួបលោក អ៊ុន សុភាព ជាច្រើនលើកដើម្បីដោះស្រាយរឿងនេះ តែលោក អ៊ុន សុភាព ចេះតែគេចវេស។ បើទោះបីលោក ចិន សំអន មេឃុំដូនបា អញ្ជើញមកដោះស្រាយក៏លោក អ៊ុន សុភាព បដិសេធមិនព្រមចូលមកដោះស្រាយដែរ»។

ចំណែកប្រភពច្បាស់ការណ៍មួយទៀត បាននិយាយថា ការព្យាយាមជួបសម្របសម្រួលពីភាគីតំណាងម្ចាស់ដីជាមួយលោក អ៊ុន សុភាព បានត្រឹមខលតាមទូរស័ព្ទប៉ុណ្ណោះ ហើយ មិនទទួលបានលទ្ធផលអ្វីឡើយ ដោយសារមន្ត្រីនគរបាលរូបនេះ យកលេសនេះ លេសនោះ គេចវេសនិងគ្មានអ្វីជាគោលជំហរច្បាស់លាស់ឡើយ។ក្នុងករណីលោក អ៊ុន សុភាព នេះដែរ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ តំណាងភាគីម្ចាស់ដី បានសរសេរលិខិតមួយច្បាប់គោរពជូនលោក ចិន សំអន មេឃុំជូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ស្នើសុំលោកមេឃុំអញ្ជើញលោក អ៊ុន សុភាព ដើម្បីមកដោះស្រាយបញ្ហាដីធ្លី ស្របតាមគោលនយោបាយ ឈ្នះ-ឈ្នះ របស់ប្រមុខដឹកនាំកម្ពុជា នៅសាលាឃុំតែម្តង។

លិខិតចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានជម្រាបថា «ស្នើសុំលោកមេឃុំ អញ្ជើញលោក អ៊ុន សុភាព មុខរបរមន្ត្រីប៉ូលីសចរាចរណ៍ ថ្ងៃ ខែឆ្នាំកំណើត ០១-០១-១៩៧១ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ១៧០៧៧៨៧៦៧ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ មានទីលំនៅផ្ទះលេខ១៧៥ ផ្លូវលឹខ១៣ ភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានដី១២ហិកតា នៅភូមិគោករកា ឃុំដូនថា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្រៅពីដីនេះតំណាងក្រុមហ៊ុនបានទទួលព័ត៌មានពីប្រជាពលរដ្ឋមួយចំនួនថា លោក អ៊ុន សុភាព មានដីជាច្រើនទៀត ប្រមាណជិត១០០ហិកតា ស្ថិតក្នុងឃុំដូនបានេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកមេឃុំអញ្ជើញលោក អ៊ុន សុភាព មកដោះស្រាយបញ្ហាដីធ្លី ជាមួយតំណាងក្រុមហ៊ុន ដើម្បីសះជា បញ្ចប់វិវាទ តាមគោលនយោបាយ ឈ្នះ-ឈ្នះនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា»។

លោកបណ្ឌិត បានលើកយកអនុសាសន៍របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឲ្យគូភាគីអនុវត្តតាមគោលនយោបាយ ឈ្នះ-ឈ្នះ ក្រោមរូបភាពដោះស្រាយក្រៅប្រព័ន្ធ និងស្មារតីអង្គប្រជុំ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពអភិបាលស្រុកគាស់ក្រឡ ផងដែរ។លោក ចិន សំអន មេឃុំដូនបា បានមានប្រសាសន៍ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ថា លោករង់ចាំភាគីលោក អ៊ុន សុភាព អញ្ជើញមកជួបពិភាក្សាគ្នានៅសាលាឃុំ ជាមួយភាគីតំណាងក្រុមហ៊ុន ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃនៅក្នុងមូលដ្ឋានរបស់លោក ព្រោះលោកក៏ដូចថ្នាក់ដឹកនាំរបស់លោក មានបំណងឲ្យភាគីជម្លោះសម្របសម្រួលគ្នាដោះស្រាយបញ្ចប់បញ្ហាតាមគោលនយោបាយឈ្នះ-ឈ្នះរបស់ប្រមុខដឹកនាំកម្ពុជា។

សូមរំឭកថា នាពេលកន្លងមកនេះ ស្របតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់ប្រមុខដឹកនាំកម្ពុជា ប្រជាពលរដ្ឋរស់នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាន់តែច្រើនគ្រួសារ បានឯកភាពគ្នាប្រគល់ដីទំហំរាប់រយហិកតាឲ្យមកម្ចាស់ដើមវិញ ដើម្បីបញ្ចប់វិវាទដ៏រ៉ាំរ៉ៃ ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ។រាល់ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរនៅចំពោះមុខមន្ត្រីមូលដ្ឋាន ដោយចុះកិច្ចព្រមព្រៀងប្រគល់ និងទទួលដីប្រភេទកសិកម្ម រវាងតំណាងភាគីម្ចាស់ដី និងតំណាងគ្រួសារប្រជាពលរដ្ឋ នៅក្នុងស្មារតីចែករំលែកគ្នា និងអនុគ្រោះគ្នាទៅវិញទៅមក គឺចែកគ្នាពាក់កណ្តាលម្នាក់ ឬ៥០ភាគរយនៃផ្ទៃដីកាន់កាប់អាស្រ័យផលជាក់ស្តែង ដោយមិនមានភាគីណាមួយខាតបង់ច្រើនឡើយ។

ក្នុងចំណោមអ្នកចុះកិច្ចសន្យាសះជា និងបញ្ចប់ទំនាស់ទាំងនោះ មានលោក ឯម រ៉េត អាយុ៦៨ឆ្នាំ អតីតអភិបាលរងស្រុកគាស់ក្រឡ ដែលមានដីត្រឹមតែមួយហិកតា ស្ថិតនៅភូមិគោករកា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានចុះកិច្ចសន្យាសះជា និងបញ្ចប់ទំនាស់ជាមួយភាគីតំណាងក្រុមហ៊ុន។ ជាមួយគ្នានេះតំណាងគ្រួសារទ័ព ក៏ដូចជាស្មៀនឃុំដូចបា បានចូលរួមសះជា ជាមួយតំណាងក្រុមហ៊ុនរួចហើយ ក្រោយពីពួកគាត់យល់ឃើញថា វិធីដោះស្រាយវិវាទតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលភាគីតំណាងក្រុមហ៊ុនប្រកាន់យក គឺជាការល្អប្រសើរបំផុត និងសូមទទួលយកដោយមោទនភាពបំផុត៕









No comments:

Post a Comment

Pages