មណ្ឌលគិរី៖លោក ហួរ ណារិន មានតួនាទីជាចៅសង្កាត់រង នៃសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រើអំពើហិង្សាដោយគប់កែវស្រាលើបុរសវ័យចំណាស់ម្នាក់បណ្ដាលឲ្យរងរបួសបែកក្បាលក្នុងតុផឹកស៊ីជាមួយគ្នា។ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ មានកម្មវិធីផឹកស៊ីមួយបានរៀបចំឡើងនៅចំណុចផ្ទះឈ្មោះ មើក ងឿន ស្ថិតក្នុងភូមិពូត្រុំ ក្រុម១ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
កម្មវិធីផឹកស៊ីសប្បាយដែលមានការចូលរួមពីលោកចៅសង្កាត់រងនៃសង្កាត់រមនា ហាក់ដូចជាប្រព្រឹត្តទៅយ៉ាងរីករាយ ប៉ុន្តែស្រាប់តែមានទំនាស់ពាក្យសម្ដីរវាងអ្នកចូលរួមក្នុងកម្មវិធី និងបុរសតួនាទីជាចៅសង្កាត់រងបានផ្ទុះឡើង។របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ទំនាស់ពាក្យសម្ដីតឹងសរសៃកនៅកម្មវិធីផឹកស៊ីបានកើតឡើងរវាងលោកចៅសង្កាត់រង និងបុរសវ័យចំណាស់ម្នាក់ ដែលជាជនជាតិព្នង ដែលធ្វើឲ្យលោក ហួរ ណារិន សង្កាត់រងសង្កាត់រមនា ទាញកែវស្រាគប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសក្បាលហូរឈាមស្រោចពេញមុខ។
របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ជ្រាង ណើប ភេទប្រុសអាយុ៦៣ឆ្នាំ ជនជាតិព្នង មុខរបរមន្ត្រីចូលនិវត្តន៍ មានទីលំនៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ រីឯជនបង្កឈ្មោះ ហួរ ណារិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិព្នង មុខរបរចៅសង្កាត់រងរមនា មានទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ប្រភពបានឲ្យដឹងថា ករណីអំពើហិង្សានេះកើតឡើងដោយសារតែទំនាស់ពាក្យសម្ដីពេលផឹកស៊ីស្រវឹង។ បើទោះជាជនរងគ្រោះរងរបួសធ្ងន់យ៉ាងណាក៏ដោយ តែសមត្ថកិច្ចមិនបានចាប់ខ្លួនលោក ហួរ ណារិន បញ្ជូនទៅចាត់ការតាមច្បាប់នោះទេ។ យ៉ាងណាក៏ដោយគេសង្ឃឹមថា សមត្ថកិច្ចក្នុងខេត្តមណ្ឌលគីរី នឹងជួយរកយុត្តិធម៌ដល់ជនរងគ្រោះ៕ប្រភពកម្ពុជាថ្មី
No comments:
Post a Comment