កំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជេីញដឹកនាំត្រួតពិនិត្យកម្លាំងអន្តរាគមន៍ ចំនួន៦០នាក់ និងសម្ភារៈមធ្យោបាយត្រៀមក្នុងអំឡុងពេលបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ ។
ដោយមានអញ្ចេីញចូលរួមពី លោក សុធា ពិសិដ្ឋ ព្រះរាជរង តំណាង ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាខេត្តកំពង់ចាម សប្បុរសជន និងលោក-លោក ស្នងការរង ព្រមទាំងកម្លាំងអន្តរាគមន៍ ចំនួន៦០នាក់ ។ ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្សព្វផ្សាយណែនាំដល់កម្លាំងអន្តរាគមន៍ ដេីម្បីត្រៀមលក្ខណៈចេញអន្តរាគមន៍ ២៤/២៤ម៉ោង ធានាឲ្យបាននូវ សន្ដិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម អគ្គស្នងការនគរបាលជាតិ ក៏បានឧបត្ថម្ភនូវថវិកាចំនួន៤លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា មី១១កេស, ទឹកក្រូច ១៩កេស និងទឹកសុទ្ធ ៥០កេស ។ ក្នុងនោះ ក៏មានចូលរួមឧបត្ថម្ភបន្ថែមពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាខេត្តកំពង់ចាម តាមរយៈលោក សុធា ពិសិដ្ឋ ព្រះរាជរង នូវថវិកាចំនួន ៤លានរៀល និងឧបត្ថម្ភថវិកាពីសប្បុរសជនដូចជា លោក សូង វណ្ណារ៉ា ថវិកាចំនួន ៤លានរៀល និងលោក សាន ម៉ាប់ ថវិកាចំនួន២លានរៀល ផងដែរ ៕
No comments:
Post a Comment