ភ្នំពេញ ៖ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៦ ខែតុលានេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញភស្តុភារ ឆ្នាំ២០២៣ របស់ទីចាត់ការចលនូប្បត្ថម្ភ។
ក្រោយពីបានស្ដាប់សេចក្ដីរាយការណ៍របស់ឧត្តមសេនីយ៍ត្រី ប៉ុល សុវណ្ណឌី នាយកសាលាបើកបរ ទីចាត់ការចលនូប្បត្ថម្ភ, ឧត្តមសេនីយ៍ឯក ហួតឈាងអន បានថ្លែងការកោតសរសើរដល់ក្រុមការងារដឹកនាំគ្រប់គ្រងវគ្គហ្វឹកហ្វឺនដែលបានប្រឹងប្រែងរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញភស្ដុភារគោរពតាមសច្ចាប័នរបស់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
ក្នុងឱកាសនោះដែរ លោកនាយកទីចាត់ការចលនូប្បត្ថម្ភ បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការដែលបានចង្អុលបង្ហាញឲ្យថ្នាក់ដឹកនាំទីចាត់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីប្រសិទ្ធភាពក្នុងការបម្រើការងារជូនកងឯកភាពក៏ដូចជាការចូលរួមអនុវត្តផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ជាពិសេសចូលរួមក្នុងការការពារ រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល បូរណភាពទឹកដី អធិបតេយ្យជាតិ ព្រមទាំងចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់គោលនយោបាយ ការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយនោះ លោក ហួត ឈាងអន បានថ្លែងនូវការផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំគ្រប់គ្រងវគ្គបណ្ដុះបណ្ដាលឲ្យពង្រឹងការគ្រប់គ្រងសិក្ខាកាម ក្នុងពេលរៀនសូត្រត្រូវធានាសន្តិសុខ សុវត្ថិភាពមនុស្សនិងសម្ភារ គ្រឿងបំពាក់ឲ្យបានល្អប្រសើរ។ ចំពោះសិក្ខាកាមវិញ ត្រូវយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងកម្មវិធីការងាររបស់វគ្គសិក្សា និងទីចាត់ការ ជាពិសេសហាមដាច់ខាតការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង៕
No comments:
Post a Comment