ពលរដ្ឋលើកឡើងថា បើគ្មានបទបញ្ជាដាច់ខាតពីនាយឧត្តមសេនីយ៍ សៅ សុខា​ ទេការដឹកជញ្ជូនធ្យូងខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាម នៅក្នុងទឹកដីស្រុកស្នួល នឹងកាន់តែរីកធំធាត់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ពលរដ្ឋលើកឡើងថា បើគ្មានបទបញ្ជាដាច់ខាតពីនាយឧត្តមសេនីយ៍ សៅ សុខា​ ទេការដឹកជញ្ជូនធ្យូងខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាម នៅក្នុងទឹកដីស្រុកស្នួល នឹងកាន់តែរីកធំធាត់

 



ខេត្តក្រចេះ ៖ មួយរយៈនេះសកម្មភាពដឹកជញ្ជូនធ្យូងខុសច្បាប់តាមរថយន្តខ្នាតយក្សប្រភេទV1 ចេញតាមច្រកទ្វារព្រំដែន ប៉ុស្តិ៍នគរការពារព្រំដែនជាយឃ្លាំង និង ប៉ុស្តិ៍D3 ក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ ឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម កំពុងកើតមានយ៉ាងគំហុករៀងរាល់ថ្ងៃ ខណៈមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន អង្គុយចាំតែរាប់ក្បាលឡានទទួលផលប្រយោជន៏ពីក្រុមឈ្មួញខិលខូច ដោយយកច្បាប់ប្រទេសកម្ពុជាទៅទ្រាប់គូទអង្គុយយ៉ាងហំហាន និងដោយគ្មានចំណាត់ការផ្លូវច្បាប់ជាក់លាក់អ្វីសោះឡើយ ពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ននៅក្នុងខេត្ត។


ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្នួល លើកឡើងថា ការដឹកជញ្ជូនធ្យូងខុសច្បាប់យកទៅល់នៅប្រទេសវៀតណាមទ្រង់ទ្រាយធំទាំងថ្ងៃ ទាំងយប់ ក្នុងមួយថ្ងៃៗរាប់រយតោនបែបនេះ គឺធ្វើឲ្យព្រៃឈើគ្រប់ប្រភេទ ទាំងតូចទាំងធំ ដែលជាសម្បតិធនធានធម្មជាតិរបស់ខ្មែរនឹងវិនាអន្តរាយដល់ឫសគល់មិនអាចស្តារឡើងវិញបានឡើយ រួមទាំងជីវចម្រុះផងដែរ។ប្រជាពលរដ្ឋអស់ជំឿលើថ្នាក់ដឹកនាំខេត្តក្រចេះគ្រប់ស្ថាប័នពាក់ព័ន្ធចំពោះការអនុវត្តន៍ច្បាប់ក្នុងការបង្ក្រាបបទល្មើសមួយនេះ ហើយលើកឡើងថា បើគ្មានបទបញ្ជាជាក់លាក់ណាមួយឲ្យុតឹងរុឹង ច្បាស់លាស់ពី លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិទេនោះ ព្រៃឈើខ្មែរ នឹងវិនាសអន្តរាយក្នុងរយៈពេលដ៏ខ្លីខាងមុខជាក់ជាមិនខាន។


ជាក់ស្តែងកាលពីយប់រំលងអធ្រាត្រ និងព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ មានរថយន្តខ្នាតយក្សប្រភេទV1 ចំនួន៣គ្រឿងបានដឹកជញ្ជូនធ្យូងខុសច្បាប់ឆ្លងដែនតាមច្រកទ្វារប៉ុស្តិ៍នគរបាលការពារព្រំដែនជាយឃ្លាំង ដែលគ្រប់គ្រងដោយលោកនាយ អៀម សុខលីម មន្ត្រីនគរបាលដ៏ល្បីឈ្មោះដុះស្លែ ចេញទៅលក់នៅប្រទេសវៀតណាមដោយរលូន និងគ្មានការរំខានឡើយ។តាមសេចក្តីរាយការណ៍ឲ្យដឹងថា ក្រុមឈ្មួញល្បីឈ្មោះបានចំណាយលុយរត់ការក្នុង១រថយន្តប្រភេទV1 អស់ប្រមាណជា១០លានរៀលសម្រាប់បង់ឲ្យគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ទើបអាចដឹកធ្យូងខុសច្បាប់ឆ្លងដែនបាន។ តាមការឲ្យដឹងរថយន្តខ្នាតយក្សប្រភេទV1ដឹកធ្យូងខុសច្បាប់ឆ្លងដែនទាំង៣គ្រឿងនេះ ជារបស់មេឈ្មួញល្បីឈ្មោះ៣នាក់ គឺ១គ្រឿងជារបស់ចែមុំអតីតមេឈ្មួញឈើល្បីឈ្មោះចាស់វស្សាក្នុងទឹកដីខេត្តក្រចេះ និងជាបុគ្គលមិនខ្លាចមេឃ មិនខ្លាចដី និយាយរួមជាជើងខ្លាំងមិនខ្លាចច្បាប់តែម្តង ។


មួយគ្រឿងទៀត ជារបស់លោក ថៃ គា ជាមន្តីយោធាម្នាក់ដ៏ល្បីឈ្មោះខាងរត់ការធ្យូងឆ្លងដែនខុសច្បាប់នៅទឹកដីខេត្តត្បូងឃ្មុំ។ ឯមួយគ្រឿងទៀតជារបស់អ្នកកាសែតល្បីឈ្មោះជាច្រើនឆ្នាំខាងរកសុីបទល្មើសឆ្លងដែននៅក្នុងទឹកដីខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ គឺលោក យ៉ាន ឃុនមុនី ។ បច្ចុប្បន្នអ្នកកាសែត យ៉ាន ឃុនមុនី រូបនេះ បានប្រើប្រាស់រថយន្តប្រភេទបាលែនពណ៌ស ដែលគេសង្ស័យថាជារថយន្តគ្មានពន្ធនាំចូលត្រឹមត្រូវ ធ្វើជាមធ្យោបាយសម្រាប់រត់ការគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ដោយចេញមុខជាចំហ មិនខ្លាចច្បាប់សោះឡើយ ដោយសារគាត់មានមន្ត្រីមានអំណាចម្នាក់នៅក្នុងស្រុកស្នួលជាខ្នងបង្អែកយ៉ាងរឹងមាំ ចាំសម្របសម្រួលបើកផ្លូវឲ្យ ហើយមន្ត្រីរូបនោះក៏ទំនងជាម្ចាស់ភាគហ៊ុនរបរធ្យូងខុសច្បាប់នេះផងដែរ។


តាមប្រភពរាយការណ៍ឲ្យដឹងថា ធ្យូងខុសច្បាប់ទាំងអស់នេះដឹកចេញពី ចំនុចចាក់ចារ អូរបោះរបងស្ថិតនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរី និងចេញពីឃុំកន្ទួត ១០៥ ស្រុកចិត្របុរី ឬជើងភ្នំឆ្វេរ ត្រពាំងជ័យ ស្រុកស្នួល ខេត្តក្រចេះ។​ក្រុមអ្នកឃ្លាំមើលបទល្មើសធនធានធម្មជាតិឆ្លងដែនលើកឡើងថា ចាប់តាំងពីលោក សាក់ សារ៉ាង បានទទួលតួនាទីជាមេបញ្ជាការកងរាជអាវុធហត្តខេត្តក្រចេះ បទល្មើសធ្យូងខុសច្បាប់ទ្រង់ទ្រាយធំឆ្លងដែនទៅប្រទេសវៀតណាមមានសកម្មភាពកើនឡើងយ៉ាងគំហុក និងដោយរលូន ខណៈមន្ត្រីអាវុធហត្ថដែលឈរជើងប្រចាំការទិសស្រុកស្នួល និងមេបញ្ជាការស្នាក់ការសន្តិសុខត្រូវបានផ្លាស់ប្តូរជាក្រុម ដាក់ថ្មីជាក្រុមភ្លាមៗតែម្តង ប៉ុន្តែបទល្មើសឆ្លងដែននានាបែរជាកើនឡើងទៅវិញ ដែលធ្វើឲ្យមានការងឿងឆ្ងល់ពីការផ្លាស់ប្តូរមន្ត្រីអាវុធហត្ថ ថាដើម្បីពង្រឹងការអនុវត្តច្បាប់​ ឬដើម្បីអ្វីផ្សេង? ។


ក្រុមអ្នកឃ្លាំមើលបទល្មើសធនធានធម្មជាតិ ក៏ដូចជាពលរដ្ឋរស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ យល់ឃើញថាគ្រប់មន្ត្រីស្ថាប័នមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តទាំងមូល ទំនងជាមិនអាចបង្ក្រាបបទល្មើសដឹកជញ្ជ្ជូនធ្យូងខុសច្បាប់តាមរថយន្តខ្នាតយក្សឆ្លងដែន ទៅលក់នៅប្រទេសវៀតណាមបានទេ ដោយសារប្រពៃណីទូកពឹងច្រវា មន្ត្រីមានតួនាទីឃ្លានដុល្លារ នាំគ្នាប្រឹងស្រវាឱបមេឈ្មួញទុច្ចរឹតទុកជាឆ្នាំងបាយអស់ទៅហើយ។ករណីនេះបើគ្មានបទបញ្ជាតឹងរុឹងច្បាស់លាស់ ពីលោកនាយឧត្តសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើធនធានធម្មជាតិ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម នោះព្រៃឈើគ្រប់ប្រភេទដែលជាធនធានសម្បត្តិធម្មជាតិ និងជីវចម្រុះរបស់កម្ពុជានិងវិនាសអន្តរាយជាក់ជាមិនខាន៕

No comments:

Post a Comment

Pages